ព័ត៌មាន
អបអរសាទរ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ឱកាស​ដែល​ ឯកឧត្តម​ ទទួល​បាន​ពានរង្វាន់​ទេសាភិបាល​ឆ្នើម​ប្រចាំឆ្នាំ​២០២១​ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ពី​ទស្សនាវដ្តី​អន្តរជាតិ​ The​ Banker​
១៣ មករា ២០២១

ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជាប់​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នាំ​២០២១​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បាន​ល្អ​ប្រសើរ​ និង​បាន​រួមចំណែក​ជំរុញ​កំណើន​ និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​
​ការ​ផ្តល់​ជូន​ចំណាត់ថ្នាក់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ The​ Banker​ ដែល​ជា​ភ្នាក់ងារ​ប្រមូលផ្តុំ​ទិន្នន័យ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សកលលោក​ ក្រោយ​ពី​បាន​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទទួល​បាន​នា​ពេល​កន្លង​មក​។​ The​ Banker​ បាន​វាយតម្លៃ​ខ្ពស់​ថា​ ក្រោម​ការ​ដឹកនាំ​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ធនាគារជាតិ​នៃ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បាន​ល្អ​ប្រសើរ​ ក្នុង​ដំណាក់​កាលដែល​កម្ពុជា​ ក៏​ដូច​ជា​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​ នៅ​ឆ្នាំ​២០២០​ កន្លង​ទៅ​។​ The​ Banker​ បាន​កត់​សម្គាល់ថា​ កម្ពុជា​បាន​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ប្រកបដោយ​ប្រសិទ្ធភាព​។​ ទោះ​យ៉ាងណា​ កម្ពុជា​ក៏​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​នៃ​ចំណូល​វិស័យ​ទេសចរណ៍​ និង​បាន​ទទួល​រង​គ្រោះ​ទឹកជំនន់​រយៈពេល​ខ្លី​។​ កំណើនសេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​ធ្លាក់​ចុះ​ដល់​ -១,៩%​ នៅ​ឆ្នាំ​២០២០​។​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​និង​បញ្ហា​ប្រឈម​ទាំងនេះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​មួយ​ចំនួន​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ក្នុង​នោះ​រួម​មាន​ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែមីនា​ ឆ្នាំ​២០២០​កន្លង​មក​ និង​បន្ត​អនុវត្ត​ដល់​ដំណាច់ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​។​ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ត្រូវ​បាន​អនុញ្ញាត​រហូត​ដល់​ទៅ​បី​ដង​ ដោយ​មិន​មាន​ប៉ះពាល់​ដល់​ចំណាត់ថ្នាក់​ឥណទាន​នោះ​ទេ​។​ បទ​ប្បញ្ញត្តិ​បន្ថែម​រួម​មាន​៖​ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ និង​ការ​លើកលែង​ថ្លៃ​សេវា​ ជាដើម​។​ ការ​ដាក់​ចេញ​នេះ​បាន​ធ្វើ​ឱ្យ​ឥណទាន​មិន​ដំណើរការ​ស្ថិត​ក្នុង​កម្រិត​ទាប​ ២,៥%​។​
​កម្ពុជា​ក៏​បាន​ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល​។​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បាគង​ កាលពី​ខែតុលា​ ឆ្នាំ​២០២០​ ដែល​បាន​រួមចំណែក​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បើកប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​របស់​ខ្លួន​ជា​សាច់ប្រាក់​នៅឡើយ​។​ ប្រព័ន្ធ​បាគង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​ និង​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​បាន​ទាំង​ជា​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ តាម​រយៈ​ទូរស័ព្ទ​ដៃ​ ដោយ​អ្នក​ប្រើប្រាស់​អាច​ស្កេ​ន​លេខ​កូដ​ ឬ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក​ទទួល​ប្រាក់​។​ ប្រព័ន្ធ​បាគង​មាន​សមាជិក​ប្រមាណ​ ២០​ធនាគារ​។​
​ម្យ៉ាងទៀត​ រូបិយ​វត្ថុ​ជាតិ​ក៏​ត្រូវ​បាន​ជំរុញ​ឱ្យ​ប្រើប្រាស់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ សំដៅ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព​ និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ជា​ពិសេស​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។​ បច្ចុប្បន្ន​ ការ​ទូទាត់​ដែល​មាន​ទឹកប្រាក់​តិច​ជាង​១០០​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ធ្វើ​ឡើងជា​ប្រាក់​រៀល​ ខណៈ​ដែល​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដែល​មាន​ទំហំ​ទឹកប្រាក់​តូច​បាន​ថយ​ចុះ​ជា​បណ្តើរៗ​។​