២៦ មករា ២០២១
នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងលើកទី៣៥ តាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ សិក្ខាកាមចូលរួមក្នុងការប្រឡងនេះមានចំនួន ៨៥រូប ដែលក្នុងនោះមានមន្ត្រីចំនួន ១០រូប បានបញ្ចប់កម្រិតខ្ពស់ មន្ត្រីចំនួន ៨រូប បានបញ្ចប់កម្រិតមធ្យម និង ៣រូបបានបញ្ចប់កម្រិតបឋម។ វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក។ គួរបញ្ជាក់ថា វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។