១៥ កុម្ភៈ ២០២១
កាលពីថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Alasdair Scott ប្រធានក្រុមបេសកកម្ម IMF សម្រាប់កម្ពុជា។ កិច្ចប្រជុំជាមួយអ្នកជំនាញ (Staff Visit) នេះ ជាផ្នែកមួយនៃការបំពេញតួនាទីរបស់ IMF ក្នុងការពិគ្រោះយោបល់បកេចាំឆ្នាំជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពាក់ព័ន្ធ សម្រាប់តាមដាននិងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រទេសជាសមាជិក សម្រាប់បេសកកម្មពិគ្រោះយោបល់មាត្រា៤ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាល បានស្វាគមន៍ចំពោះការធ្វើកិច្ចប្រជុំពិគ្រោះយោបល់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានសារៈសំខាន់ក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជាទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩ ដែលមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនពីវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជួយដល់សកម្មភាពអាជីវកម្ម និងប្រជាជនក្រីក្រដែលបានរងគ្រោះ។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម និងបានបន្ធូរបន្ថយបទប្បញ្ញតិមួយចំនួន ដើម្បីបង្កើនសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ច។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ដែលបានជួយដោះស្រាយការលំបាករបស់អតិថិជន ដែលកំពុងប្រឈមនឹងការថយចុះនៃចំណូល។ ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក៏ដូចជាបានផ្តល់ជំនួយបច្ចេកទេសចាំបាច់នានា ក្នុងការអភិវឌ្ឍវិស័យធនាគារឱ្យបានរឹងមាំ។
លោក Alasdair Scott បានជម្រាបជូនពីសមាសភាពនៃក្រុមបេសកកម្មសរុប ៧ រូប ដែលមានជំនាញផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកជួយតាមដានស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។ លោកបានជម្រាបថា មូលនិធិរូបិយវត្ថុអន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា និងជួយដល់សកម្មភាពសេដ្ឋកិច្ច ដែលប្រឈមនឹងវិបត្តិ និងការជួយដល់ប្រជាជនក្រីក្រ។ ក្រោយពីកិច្ចប្រជុំពិភាក្សាដែលមានរយៈពេលប្រមាណ ៣ សប្តាហ៍នេះ ក្រុមបេសកកម្មនឹងប្រមូលទិន្នន័យនិងព័ត៌មានបន្ថែម ដើម្បីផ្តល់ជាអនុសាន៍សម្រាប់ការជំរុញសកម្មភាពសេដ្ឋកិច្ចនិងកំណើន ជាពិសេស សម្រាប់ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបញ្ចប់។ លោក Alasdair Scott ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ទេសាភិបាល និងមន្ត្រីធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អដល់មូលនិធិរូបិយវត្ថុអន្តរជាតិនាពេលកន្លងមក ជាពិសេស បានសហការបង្កើនប្រសិទ្ធភាពនៃជំនួយបច្ចេកទេសរបស់ IMF។ មូលនិធិរូបិយវត្ថុអន្តរជាតិបានគ្រោងនឹងបន្តផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា លើការពង្រឹងបន្ថែមទៀតលើការត្រួតពិនិត្យធនាគារ ការពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុ ការពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងការធ្វើឱ្យប្រសើរឡើងនូវទិន្នន័យ។