១១ មីនា ២០២១
នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពី គម្លាតប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅកម្ពុជា ដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន នូវការររកឃើញរបស់ UNDP ទាក់ទងនឹងកត្តាចម្បងៗដែលធ្វើឱ្យមានគម្លាតប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅកម្ពុជា និងគោលនយោបាយសំខាន់ៗក្នុងការកាត់បន្ថយគម្លាតប្រាក់ឈ្នួលនៅកម្ពុជាសំដៅទទួលបាននូវសមភាព។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Nick Beresford អ្នកតំណាងនវេសនដ្ឋាន UNDP ប្រចាំកម្ពុជា, ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី និងលោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) មន្ត្រីនៅក្នុងស្ថាប័នរដ្ឋនិងឯកជន អង្គការ និងសិស្ស-និស្សិត។ ក្នុងឱកាសនោះ លោកជំទាវ ជា សិរី បានលើកឡើងថា ក្រៅពីលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ស្ត្រីក៏ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ ដូចនេះ ការបញ្ជ្រាបនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាពិតជាមានសារៈសំខាន់នៅកម្ពុជា ដោយសារអត្រាបោះបង់ការសិក្សារបស់ស្ត្រីមានច្រើនជាងបុរស។ ការណ៍នេះ ស្ត្រីដែលបោះបង់ការសិក្សាអាចប្រើប្រាស់ចំណេះដឹងដែលបានរៀនសូត្រខាងលើក្នុងការប្រកបរបរចិញ្ចឹមជីវិតបាន។