០៤ កុម្ភៈ ២០២១
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯក ឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារ ជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាពស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីក្នុងសម័យកូវីដ-១៩” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មាននិងចំណេះដឹងពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ស្ត្រី ជាពិសេសសហគ្រិនជាស្ត្រី បង្កើតបរិយាកាសអំណោយផលសម្រាប់តួអង្គសំខាន់ៗនិងស្ថាប័នពាក់ព័ន្ធរបស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជំរុញគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការឱ្យពិចារណា អំពីការអភិវឌ្ឍផលិតផលនិងសេវាឱ្យស្របទៅនឹងតម្រូវការរបស់សហគ្រិនស្ត្រី ពិសេសសហគ្រិនស្ត្រីវ័យក្មេង។
ឯកឧត្តម អគ្គនាយកត្រួតពិនិត្យ បានជម្រាបជូនអង្គវេទិកាថា បរិយាបន្នហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិបុលភាពនៅកម្ពុជា។ ដូច្នេះ ការជំរុញលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុមានតម្លៃសមរម្យនិងមានការត្រួតពិនិត្យត្រឹមត្រូវគឺជាសកម្មភាពអាទិភាពរបស់ធនាគារជាតិនៃកម្ពុជា។ ទោះយ៉ាងណា ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ពិសេសសម្រាប់ស្ត្រី ។