ព័ត៌មាន
ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល​ NBC-FSI​ Connect​ ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​កម្រិត​ខ្ពស់​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​
០៩ កុម្ភៈ ២០២១

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ១២​រោច​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល​ NBC-FSI​ Connect​ ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​កម្រិត​ខ្ពស់​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​។​ វគ្គ​សិក្សា​ NBC-FSI​ Connect​ ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ (BIS)​ ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស​ ផ្នែក​ត្រួតពិនិត្យ​ធនាគារ​។​ ក្រោម​ការ​ផ្តួចផ្តើម​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៥​មក​ ក្នុង​គោលបំណង​ធ្វើ​ឯកទេស​កម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ការ​ប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ​ និង​សម័យកាល​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នា​ពេល​បច្ចុប្បន្ន​។​ រហូត​ដល់​បច្ចុប្បន្ន​ មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​សរុប​ចំនួន​ ៣០៣​រូប​ បាន​ចូលរួម​វគ្គ​សិក្សា​ NBC-FSI​ Connect​ ដែល​ក្នុង​នោះ​សិក្ខាកាម​ ១១៦​រូប​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បឋម​,​ ៤១​រូប​បាន​បញ្ចប់​កម្រិត​មធ្យម​ និង​៣៦​រូប​បាន​បញ្ចប់​កម្រិត​ខ្ពស់​។​ 
​ឯកឧត្តម​ ទេសាភិបាល​ បាន​អបអរសាទរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​-​បុគ្គលិក​ដែល​បញ្ចប់​កម្រិត​ខ្ពស់​នៃ​កម្មវិធី​បណ្តុះបណ្តាល​ NBC-FSI​ Connect​ ដែល​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​ និង​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​។​ ទន្ទឹម​នេះ​ ឯកឧត្តម​ ទេសាភិបាល​ បាន​លើក​ឡើង​ថា​ ការ​រៀនសូត្រ​ទ្រឹស្តី​គឺជា​ត្រីវិស័យ​មួយ​សម្រាប់​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​ ហើយ​ទ្រឹស្តី​និង​ការ​អនុវត្ត​ជាក់ស្តែង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ ដើម្បី​អាច​សម្រេច​បានការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ឯកឧត្តម​ ទេសាភិបាល​ ក៏​មាន​មតិ​ផ្តាំផ្ញើ​សិក្ខាកាម​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​រៀត​សូត្រ​ អភិវឌ្ឍ​ជំនាញ​ តាម​រយៈ​ការ​ស្វ័​យ​សិក្សា​ស្រាវជ្រាវ​ ដកស្រង់​និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​រៀមច្បង​ ឬ​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ​ ព្រមទាំង​ប្រើប្រាស់​ជំនាញ​នេះ​ឱ្យ​ចំ​ទិស​ដៅ​និង​មាន​ប្រសិទ្ធភាព​ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។​ 
​គួរ​រំលេច​ថា​ នេះ​គឺជា​លើក​ទី​១​ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល​ NBC-FSI​ Connect​ ដែល​បាន​បញ្ចប់​កម្រិត​ខ្ពស់​ចំនួន​៣៦​រូប​ ក្នុង​នោះ​ស្នាក់​ការ​កណ្តាល​មាន​ ២៩​រូប​ និង​សាខា​រាជធានី​-​ខេត្ត​ ៧​រូប​។​ ធនាគារជាតិ​នៃ​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​ប្រចាំ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​-​បុគ្គលិក​។​ ទន្ទឹម​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​ គ្រោង​រៀបចំ​ការ​ប្រឡង​ទទួល​ងារ​ជា​អធិការ​ តាម​រយៈ​ការ​វាយតម្លៃ​ពី​ជំនាញការ​បរទេស​ ដើម្បី​ធានា​បាន​នូវ​គុណភាព​ ប្រសិទ្ធភាព​ និង​តម្លាភាព​ផង​ដែរ​។​