១០ កុម្ភៈ ២០២១
នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) លើកទី២១ ស្តីពីសមាហរណកម្មហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ។ នៅឆ្នាំ២០២១នេះ កិច្ចប្រជុំ SLC ដឹកនាំដោយធនាគារកណ្តាលព្រុយណេ និងធនាគារកណ្តាលថៃដែលជាសហប្រធាន និងបានពិភាក្សាពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចពិភពលោកនិងតំបន់ ស្ថានភាពវិស័យហិរញ្ញវត្ថុតំបន់ បច្ចុប្បន្នភាពគំនិតផ្តួចផ្តើមសំខាន់ៗពាក់ព័ន្ធនឹងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងវឌ្ឍនភាពរបស់ក្រុមការងារដែលស្ថិតក្រោម SLC។ ដើម្បីបន្តរួមចំណែកសម្រេចបាននូវសមាហរណកម្មវិស័យហិរញ្ញវត្ថុ និងស្របតាមផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ SLC បានអនុម័តលើផែនការសកម្មភាពសំខាន់ៗរបស់ក្រុមការងារនីមួយៗ ដូចជា ការងារអាទិភាពរបស់ក្រុមការងារនីមួយៗសម្រាប់ឆ្នាំ២០២១, តារាងវាយតម្លៃវឌ្ឍនភាពនៃការធ្វេីសមាហរណកម្មគណនីមូលធន, ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូទាត់ក្នុងតំបន់។ ទន្ទឹមនេះ ធនាគារកណ្តាលអាស៊ានបន្តអភិវឌ្ឍគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀតដូចជា ការពង្រីកសេវាហិរញ្ញវត្ថុបៃតងសម្រាប់វិស័យហិរញ្ញវត្ថុ ការបង្កើតចំណាត់ថ្នាក់សម្រាប់កំណត់សកម្មភាពនានាពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង (ASEAN Sustainable Finance - Taxonomy) ការដាក់ចេញនូវអនុសាសន៍ និងការតាមដានសម្រាប់អនុវត្តនូវយុទ្ធសាស្ត្រដែលបានដាក់ចេញ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៩-២០២០ កន្លងទៅ លោកជំទាវ នាវ ច័ន្ទថាណា បានធ្វើជាសហប្រធាននៃកិច្ចប្រជុំ SLC ជាមួយ ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាលរង ធនាគារកណ្តាលឥណ្ឌូណេស៊ី និងទទួលបានលទ្ធផលយ៉ាងជោគជ័យក្នុងភាពជាសហប្រធាននេះ។