១៩ កុម្ភៈ ២០២១
នៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីក្រុមហ៊ុន វីសា បានរៀបចំវេទិកាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ ការប្រើប្រាស់បច្ចេកវិទ្យា និងសុវត្ថិភាពហិរញ្ញវត្ថុ” នៅសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការចូលរួមពី លោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ, លោកជំទាវ សុត ស៊ីថុន ទីប្រឹក្សាក្រសួងកិច្ចការនារី, លោក អែម កំណាន់ ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិនិងវាយតម្លៃហានិភ័យ និងជាប្រធានក្រុមការងារអប់រំផ្នែកហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ អំពី ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ ដើម្បីរួមចំណែកកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារ និងបណ្តុះគំនិតពីការធ្វើអាជីវកម្មសម្រាប់យុវវ័យ ជាពិសេសស្ត្រីនៅតាមមូលដ្ឋាន។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្ត្រីធនាគារជាតិនៃកម្ពុជា មន្ទីរកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី សាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យក្រចេះ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ សរុបចំនួន ៨០រូប។