ព័ត៌មាន
ពិធី​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ក្នុង​ការ​អនុវត្ត​គម្រោង​ ស្តី​ពី​ “​ការ​អភិវឌ្ឍ​ទីផ្សារ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​”​
២៤ កុម្ភៈ ២០២១

នៅ​ថ្ងៃ​ពុធ​ ១៣​កើត​ ខែ​ផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ឯកឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ក្នុង​ការ​អនុវត្ត​គម្រោង​ ស្តី​ពី​ “​ការ​អភិវឌ្ឍ​ទីផ្សារ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​”​ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​។​ ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ក្នុង​ការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ គម្រោង​នេះ​ មាន​ទិស​ដៅ​ស្របគ្នា​ទៅ​នឹង​សកម្មភាព​អាទិភាព​នៃ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​ ក្នុង​ការ​លើកកម្ពស់​ផលិតផល​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​។​ លទ្ធផល​នៃ​គម្រោង​នេះ​ នឹង​ក្លាយទៅជា​ឯកសារ​ចង្អុល​ផ្លូវ​សម្រាប់​ការ​រៀបចំ​គោលនយោបាយ​ និង​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញប្បទាន​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ តាម​រយៈ​ការ​ពង្រឹង​ការ​គាំទ្រ​ផ្នែក​បទ​ប្បញ្ញត្តិ​ ការ​បង្កើន​ចំណេះដឹង​និង​ការ​អនុវត្ត​ទីផ្សារ​ និង​ការ​រៀបចំ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​លក្ខណៈ​អំណោយផល​។​