ព័ត៌មាន
លោក​ជំទាវ​ អ៊ុ​ក​ ម៉ា​លី​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​វិស័យ​ឯកជន​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ស្តី​ពី​ការ​អនុវត្ត​កម្មវិធី​ឆ្លើយ​តប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​
១៧ មីនា ២០២១

នៅ​ថ្ងៃ​ពុធ​ ៤​កើត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២១​ លោក​ជំទាវ​ អ៊ុ​ក​ ម៉ា​លី​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​វិស័យ​ឯកជន​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ស្តី​ពី​ការ​អនុវត្ត​កម្មវិធី​ឆ្លើយ​តប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​ (COVID-19​ Active​ Response​ and​ Expenditure​ Support​ Program-​ CARES)​។​ កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​សហការ​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ក្នុង​គោលបំណង​តាមដាន​និង​ចែករំលែក​ព័ត៌មាន​នៃ​ការ​អនុវត្ត​កម្មវិធី​ CARES​។​ កម្មវិធី​ CARES​ គឺជា​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ ADB​ ក្រោម​រូបភាព​ជា​កម្ចីសម្បទាន​ចំនួន​ ២៥០​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ភ្ជាប់​ជាមួយ​ទឹកប្រាក់​ក្រោម​រូបភាព​ជា​ជំនួយ​បច្ចេកទេស​ដែល​រួម​បញ្ចូល​កិច្ច​គាំទ្រ​ផ្នែក​ប្រឹក្សា​ផ្សេង​ទៀត​។​ កម្មវិធី​នេះ​បាន​ចែក​ជា​សសរស្តម្ភ​ ៣​ រួម​មាន​៖​ i/-​ វិធានការ​សុខភាព​ដើម្បី​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ii/-​ ជំនួយ​សង្គម​ដើម្បី​បង្ការ​ការ​កើនឡើង​នៃ​ភាព​ក្រីក្រ​ និង​ iii/-​ ការ​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ (​រួម​មាន​ ឧបត្ថម្ភ​ធន​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​ និង​បុគ្គលិក​វិស័យ​ទេសចរណ៍​,​ កម្ចី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​,​ ការ​បណ្តុះបណ្តាល​ជំនាញ​ និង​សេវាកម្ម​ការងារ​)​។​