ព័ត៌មាន
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនកិតិ្តយសក្នុងកិច្ចពិភាក្សាស្តីពី “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន”
២៦ មេសា ២០២១

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល
និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយសក្នុងកិច្ចពិភាក្សាស្តីពី
“ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន” ក្នុងកម្មវិធី SFF Green Shoots Series ដែលរៀបចំដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី។
កម្មវិធីនេះមានការចូលរួមពីវាគ្មិនល្បីៗ ដូចជា លោក Ravi Menon នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី លោកស្រី Hajah
Rokiah binti Haji Badar នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុប្រ៊ុយណេ លោកបណ្ឌិត Patrick
Njoroge ទេសាភិបាលធនាគារកណ្តាលកេនយ៉ា និងលោកបណ្ឌិត Maxwell Opoku-Afari
ទេសាភិបាលរងទី១ធនាគារកណ្តាលហ្គាណា។ ក្នុងកិច្ចពិភាក្សានោះ
លោកជំទាវបានលើកឡើងអំពីការអភិវឌ្ឍនិងសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេស
ការអភិវឌ្ឍប្រព័ន្ធបាគងក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការឆ្លងគ្រឹះស្ថានក្នុងប្រទេសកម្ពុជានិងការផ្ទេរប្រាក់ឆ្លងប្រទេស។ ក្នុងឱកាសនោះដែរ
អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានចេញផ្សាយជាផ្លូវការនូវឯកសារសិក្សាស្រាវជ្រាវ (White Paper) ស្តីពី
“ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន” ដែលជាសមិទ្ធិផលដំបូងនៃការអនុវត្តគម្រោង Global Foundational Stack
ផ្តួចផ្តើមដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងមានការចូលរួមពីធនាគារជាតិនៃកម្ពុជា អាជ្ញាធររូបិយវត្ថុប្រទេសប្រ៊ុយណេ
ធនាគារកណ្តាលប្រទេសកេនយ៉ា និងធនាគារកណ្តាលប្រទេសហ្គាណា
ហើយករណីសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រទេសកម្ពុជាក៏ត្រូវបានដាក់បញ្ចូលជាផ្នែកមួយក្នុងឯកសារសិក្សាស្រាវជា្រវនេះដែរ។