២៩ មិថុនា ២០២១
កាលពីថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩
ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារតាមប្រព័ន្ធអនឡាញ ជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរីប្រចាំកម្ពុជា។
ឯកឧត្តម ទេសាភិបាល បានសម្តែងការរីករាយនិងស្វាគមន៍ដែលលោកជំទាវ Teo Lay Cheng
មកបំពេញទស្សនកិច្ច ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំកម្ពុជា
និងរំពឹងថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យធនាគារ បន្តរីកចម្រើនទៅមុខទៀត
ដើម្បីជួយគាំទ្រនិងរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូត
ពីស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈមនានា ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី
និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី
ដែលកន្លងមកបានផ្តល់កិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងនវានុវត្តន៍ហិរញ្ញវត្ថុ (Financial Innovation)
និងជួយធនាគារជាតិនៃកម្ពុជាក្នុងការរៀបចំកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក ក្រោមរូបភាពជា Partner City នៃកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី
(Singapore FinTech Festival ) ឆ្នាំ២០២០ ប្រកបដោយជោគជ័យ។ ទន្ទឹមនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត
បានថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការល្អប្រសើរជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី
ព្រមទាំងបានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ទេសាភិបាល
ដែលត្រូវបានទស្សនាវដ្តីអន្តរជាតិដែលមានទីតាំងនៅប្រទេសអង់គ្លេសផ្តល់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើម ឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក
ក្នុងចំណោមទេសាភិបាល ៥ រូបនៅលើពិភពលោក។ លោកជំទាវ
ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រព័ន្ធធនាគារកម្ពុជាសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តម ទេសាភិបាល
ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ លោកជំទាវក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបន្តទៀត
ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ
និងបង្កលក្ខណៈឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមទៀតរវាងអាជ្ញាធររូបិយវត្ថុសិង្ហបុរីនិងធនាគារជាតិនៃកម្ពុជា។