២៨ មីនា ២០២២
នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក គិត សុវណ្ណាវិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការពង្រឹងសមត្ថភាពគ្រប់គ្រងសាខា ប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ” ដែលសហការរៀបចំឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីតប្យួរ៉ូកម្ពុជា ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំគ្រប់គ្រងថ្នាក់សាខា របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ១៦០ រូប នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលាថ្នាក់តំបន់នេះ មានគោលបំណងពង្រឹងសមត្ថភាពគណៈគ្រប់គ្រងសាខារបស់គ្រឹះស្ថាន ដើម្បីបម្រើសេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ សិក្ខាសាលាថ្នាក់តំបន់ នឹងត្រូវរៀបចំនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តក្រចេះ។