ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី២៦ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង
២៥ ឧសភា ២០២២

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទលើកទី២៦ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង នៅថ្ងៃពុធ-ព្រហស្បតិ៍ ១០-១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក។ សន្និសីទនេះត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងបង្កើតជាវេទិកាពិភាក្សា ផ្លាស់ប្តូរយោបល់ និងរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង។ សន្និសីទនេះមានការចូលរួមពីតំណាងធនាគារកណ្តាលនៃប្រទេសចំនួន ៣០ ប្រទេស មកពីបណ្តាទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។ ប្រធានបទដែលលើកយកមកពិភាក្សាសម្រាប់ឆ្នាំ២០២២នេះ រួមមានតួនាទីរបស់ធនាគារកណ្តាលក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ រូបិយវត្ថុឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ 
ដោយមើលឃើញពីការវិវត្តរីកម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុប្រើប្រាស់ក្នុងការទូទាត់របស់កម្ពុជា ជាពិសេស ប្រព័ន្ធទូទាត់បាគងដែលទទួលបានពានរង្វាន់ជាផលិតផលថ្មីប្រកបដោយនវានុវត្តន៍និងគុណប្រយោជន៍សម្រាប់សេដ្ឋកិច្ច ប្រចាំឆ្នាំ២០២១ ពីស្ថាប័នសារព័ត៌មាន Nikkei របស់ប្រទេសជប៉ុន ធនាគារជាតិនៃកម្ពុជាត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីប្រព័ន្ធបាគង។ លោកជំទាវបណ្ឌិត ជា សិរី បាន បង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់ប្រព័ន្ធបាគង ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធទូទាត់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានចូលរួមក្នុងវេទិកាពិភាក្សាជាមួយទេសាភិបាលធនាគារកណ្តាលម៉ូរីស និងធនាគារកណ្តាលស្វីស ជុំវិញបញ្ហាពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងទ្រព្យសកម្មអេឡិចត្រូនិក។ល។ ជារួម អង្គប្រជុំបានថ្លែងការកោតសរសើរចំពោះប្រព័ន្ធបាគង ហើយធនាគារកណ្តាលប្រទេសអាហ្វ្រិកមួយចំនួន បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតប្រព័ន្ធបាគង ជាពិសេស ធនាគារកណ្តាលទុយនីស៊ី ម៉ូសំប៊ិក និងម៉ាដាហ្គាស្កា។
សន្និសីទនេះបានប្រព្រឹត្តិទៅដោយជោគជ័យ ប្រកបដោយបរិយាកាសជាមិត្តភាពនិងភាតរភាព ហើយនៅឆ្នាំ២០២៤ ខាងមុខ ធនាគារកណ្តាលបែលហ្ស៊ិក នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី២៧ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង  នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។