២៦ ឧសភា ២០២២
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយ លោក Anthony McDonald នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម នៅធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ទេសាភិបាល បានស្វាគមន៍គណៈប្រតិភូ ដែលមកបំពេញបេសកកម្មនៅកម្ពុជា និងបានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ីដែលតែងតែផ្តល់ការគាំទ្រដល់ធនាគារជាតិនៃកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលតាមរយៈការផ្តល់ហិរញ្ញប្បទានផ្អែកលើគោលនយោបាយ ជំនួយបច្ចេកទេស និងការគាំទ្រផ្សេងៗជាច្រើនទៀត សំដៅរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។
ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនគណៈប្រតិភូពីប្រវត្តិសង្ខេបនៃការកសាងប្រព័ន្ធធនាគារនៅកម្ពុជាក្រោយសម័យអាណានិគមបារាំង ព្រមទាំងការរៀបចំប្រព័ន្ធធនាគារឡើងវិញក្រោយរបបប៉ុលពត។ បន្ថែមពីនេះ ឯកឧត្តម ទេសាភិបាល បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍប្រព័ន្ធធនាគារ ក៏ដូចជាបញ្ហាប្រឈមដែលបណ្តាលមកពីផលប៉ះពាល់ពីការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ព្រមទាំងវិធានការដែលរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានដាក់ចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យនានានិងប្រជាជនដែលងាយរងគ្រោះ។
លោក Anthony McDonald បានកោតសរសើរចំពោះការរីកចម្រើននៃវិស័យធនាគារកម្ពុជា ព្រមទាំងបង្ហាញពីគោលជំហររបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការរួមចំណែកពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជាបន្តទៀត។