ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “កម្មវិធីផ្សព្វផ្សាយលទ្ធផលដែលទទួលបានពីសិក្ខាសាលាថ្នាក់ខេត្តរបស់ធនាគារជាតិនៃកម្ពុជា” តាមរយៈប្រព័ន្ធអនឡាញ
៣០ ឧសភា ២០២២

នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “កម្មវិធីផ្សព្វផ្សាយលទ្ធផលដែលទទួលបានពីសិក្ខាសាលាថ្នាក់ខេត្តរបស់ធនាគារជាតិនៃកម្ពុជា” តាមរយៈប្រព័ន្ធអនឡាញ ដែលរៀបចំរួមគ្នាដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាង ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ២០០ រូប និងមានគោលបំណងផ្តល់ឱកាសដល់ សមាគម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្វែងយល់បន្ថែមអំពី i/-បញ្ហាប្រឈមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ii/-កម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អតិថិជន និង iii/-ក្រមសីលធម៌របស់បុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។