០៦ មិថុនា ២០២២
នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដែលសិក្ខាសាលានេះត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។ សិក្ខាសាលានេះមានការចូលរួមពីមន្រ្តីបុគ្គលិកនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងនាយកដ្ឋានពាក់ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា ប្រមាណ ២០០នាក់ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលរបស់សន្ទស្សន៍ថ្លៃលំនៅដ្ឋានឱ្យបានទូលំទូលាយទៅកាន់សាធារណជន ដែលមានតម្រូវការក្នុងការប្រើប្រាស់ទិន្នន័យនេះ ជាពិសេសសម្រាប់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ ក្នុងគោលបំណងតាមដានអតុល្យភាពម៉ាក្រូសេដ្ឋកិច្ច និងវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសវិស័យហិរញ្ញវត្ថុ ដោយមានការធ្វើបទបង្ហាញពីមន្រ្តីជំនាញរបស់ធនាគារជាតិនៃកម្ពុជា។