ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវគ្គពិភាក្សាតុមូលនៃវេទិកា Point Zero Forum នៅទីក្រុង Zurich ប្រទេសស្វ៊ីស
២១ មិថុនា ២០២២

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវគ្គពិភាក្សាតុមូលនៃវេទិកា Point Zero Forum ដែលជាវេទិកាពិភាក្សានិងផ្លាស់ប្តូរយោបល់ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំនៅទីក្រុង Zurich ប្រទេសស្វ៊ីស។  
វេទិកានេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃអង្គារ ៧ រោច ដល់ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាការសហការរៀបចំដោយធនាគារជាតិស្វ៊ីស អាជ្ញាធររូបិយវត្ថុសិង្ហបុរី និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)។ 
វេទិកា Point Zero Forum មានការចូលរួមពីអ្នកជំនាញពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំៗ និងធនាគារកណ្តាលប្រមាណ ៥០០ មកពីជុំវិញពិភពលោក ក្នុងគោលបំណងជំរុញកិច្ចពិភាក្សានិងផ្លាស់ប្តូរយោបល់ទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងវិស័យសាធារណៈ និងឯកជន។ បន្ថែមលើនេះ វេទិកានេះក៏បានផ្តល់ឱកាសឱ្យមានការបង្ហាញបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន សម្រាប់បង្កើតទ្រព្យសកម្មគ្រីបតូ រូបិយប័ណ្ណឌីជីថល និងប្រព័ន្ធទូទាត់ពហុភាគីឆ្លងប្រទេស។  
ក្នុងកិច្ចពិភាក្សាតុមូល លោកជំទាវបណ្ឌិត ជា សិរី បានចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍនិងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេស ការបង្កើតប្រព័ន្ធបាគង ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន ហើយក្លាយជាប្រព័ន្ធទូទាត់កន្លោងសម្រាប់សម្រួលដល់ការទូទាត់អន្តរគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ 
បន្ថែមលើនេះ លោកជំទាវ ក៏បានចូលរួមកិច្ចពិភាក្សាជាមួយនិយតករនានាដើម្បីស្វែងរកគន្លឹះក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន និងការដាក់ចេញបទប្បញ្ញត្តិនានា ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ 
គួររំលេចថា ការចូលរួមរបស់លោកជំទាវបណ្ឌិត ជា សិរី ក្នុងវេទិការ Point Zero Forum នេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម Thomas Jordan ទេសាភិបាល ធនាគារជាតិស្វ៊ីស និងឯកឧត្តម Ravi Menon នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី៕