ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩២ របស់ BIS នៅទីក្រុងបាសែល ប្រទេសស្វ៊ីស
២៥ មិថុនា ២០២២

តបតាមការអញ្ជើញរបស់លោកបណ្ឌិត Agustín Carstens នាយកគ្រប់គ្រងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩២ របស់ BIS ចាប់ពីថ្ងៃសៅរ៍ ១១រោច ដល់ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងបាសែល ប្រទេសស្វ៊ីស។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយមានការចូលរួមពីទេសាភិបាលធនាគារកណ្តាលជុំវិញពិភពលោក ប្រធានស្ថាប័នអន្តរជាតិសំខាន់ៗ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដើម្បីពិភាក្សាលើបញ្ហាប្រឈមថ្មីៗរបស់ធនាគារកណ្តាល និងស្វែងរកដំណោះស្រាយនានា ព្រមទាំងអនុសាសន៍សម្រាប់ការដាក់ចេញគោលនយោបាយឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ។ សម្រាប់ឆ្នាំ២០២២ នេះ កិច្ចប្រជុំប្រចាំឆ្នាំ បានផ្តោតសំខាន់ទៅលើតួនាទីរបស់ធនាគារកណ្តាលក្នុងការឆ្លើយតបនឹងហានិភ័យហិរញ្ញវត្ថុទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាអតិផរណាខ្ពស់ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា។