ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់ ខេអេចឃ្យូអរ (KHQR)
០៤ កក្កដា ២០២២

នៅថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់ ខេអេចឃ្យូអរ (KHQR) ដែលជាមធ្យោបាយទូទាត់ថ្មីស្របតាមស្តង់ដារអន្តរជាតិ។ ពិធីនេះត្រូវបានសហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ដោយមានអ្នកចូលរួមទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ២០០នាក់។ KHQR គឺជាកូតស្តង់ដាររួម (EMV) ដែលត្រូវបានអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា ហើយអាចឱ្យកម្មវិធីទូរស័ព្ទរបស់សមាជិក (បច្ចុប្បន្ន ៣៧គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) អាចស្កេន KHQR និងធ្វើការទូទាត់ប្រាក់បាន។ កម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានជាសមាជិកបាគងនីមួយៗក៏មានស្តង់ដារ KHQR ដែរ ព្រមទាំងអាចស្កេនទូទាត់គ្នាទៅវិញទៅមកបានផងដែរ។ ការដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់ KHQR នេះ នឹងចូលរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។