ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)”
០៤ កក្កដា ២០២២

នាថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ជាគណៈអធិបតី។ តាមរយៈអនុស្សរណៈនេះ  ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងសហការគ្នាដើម្បីពិនិត្យលទ្ធភាពប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដែលជាថ្នាលចែករំលែកទិន្នន័យអត្តសញ្ញាណសាធារណជន សម្រាប់យកមកផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនជាឌីជីថល។