០៤ កក្កដា ២០២២
កាលពីថ្ងៃចន្ទ-អង្គារ ៦-៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ក្នុងជំនួបនេះ ឯកឧត្តម ទេសាភិបាល បានរំលេចនូវចំណុចគោលសំខាន់ៗរួមមាន៖ i/- បទពិសោធន៍ គ្រប់គ្រងល្អរបស់ធនាគារជាតិនៃកម្ពុជាក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ដែលគ្រប់សាខាទាំងអស់បានបន្តប្រតិបត្តិការជាប្រក្រតី ដោយសារការអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ii/-ការរួមចំណែករបស់សាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងការពង្រឹងជំនឿទុកចិត្តដល់សាធារណជន និងរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា និង iii/-ក្រើនរំឭកដល់មន្រ្តី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឱ្យបន្តអភិវឌ្ឍន៍សមត្ថភាព ជាប្រចាំដើម្បីក្លាយជាមន្រ្តីប្រកបដោយសក្តានុពលនិងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម ទេសាភិបាល ក៏បានក្រើនរំឭកដល់មន្ត្រី-បុគ្គលិកសាខាឱ្យបន្តអនុវត្តវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល បើទោះបីជាករណីឆ្លងជំងឺកូវីដ-១៩ បានថមថយក្តី ជាពិសេសត្រូវចូលរួមចាក់ថ្នាំបង្ការដូសទី៥ឱ្យបានគ្រប់ៗគ្នា។