០៦ កក្កដា ២០២២
នៅថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំចំនួន ៣ រួមមាន ៖ i/- សេចក្តីណែនាំស្តីពីការត្រួតពិនិត្យផ្ទៃក្នុងសម្រាប់បុគ្គលរាយការណ៍ ii/- សេចក្តីណែនាំស្តីពីការផ្ទេរប្រាក់ និងការផ្ទេរតាមប្រព័ន្ធអេឡិចត្រូនិក និង iii/- សេចក្តីណែនាំស្តីពីទំនាក់ទំនងធនាគារឆ្លើយឆ្លង និងទំនាក់ទំនងប្រហាក់ប្រហែល។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានបំណងលើកកម្ពស់ការយល់ដឹងដល់បុគ្គលរាយការណ៍ ដែលជាគ្រឹះស្ថានធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីណែនាំពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួនប្រមាណ ៨៥រូប មកពីគ្រឹះស្ថានចំនួន ៦៨។