ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសហប្រធាន ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្រសួងហិរញ្ញវត្ថុចិន និងធនាគារកណ្តាលចិន ដឹកនាំកិច្ចប្រជុំរួមថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាលអាស៊ាន+៣
២០ ធ្នូ ២០២២

នៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសហប្រធាន ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្រសួងហិរញ្ញវត្ថុចិន និងធនាគារកណ្តាលចិន ដឹកនាំកិច្ចប្រជុំរួមថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាលអាស៊ាន+៣ តាមរយៈប្រព័ន្ធអនឡាញ។ អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់ ដោយក្នុងនោះអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករសេដ្ឋកិច្ចអាស៊ាន+៣ ថយចុះពី ៦% ក្នុងឆ្នាំ២០២១ មកប្រមាណ ៣,៤% ក្នុងឆ្នាំ២០២២ និង ៤% ក្នុងឆ្នាំ២០២៣។ ការព្យាករកំណើនសេដ្ឋកិច្ចអាស៊ាន+៣ ត្រូវបានបន្ទាបដោយសារកំណើនយឺតក្នុងប្រទេសបូកបី (ចិន ជប៉ុន និង កូរ៉េ) ប៉ុន្តែប្រទេសអាស៊ាននៅបន្តកំណើនរឹងមាំនៅឡើយ។ យោងតាមការប៉ាន់ស្មានរបស់ AMRO សេដ្ឋកិច្ចក្នុងតំបន់ប្រឈមបញ្ហាចម្បងៗរួមមាន ៖ i/- ការកើនឡើងលឿននៃថ្លៃថាមពល ii/- កំណើនយឺតជាងការរំពឹងទុកក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក iii/- ការលេចឡើងនូវមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី iv/- ភាពតានតឹងភូមិសាស្ត្រនយោបាយ និង v/- ហានិភ័យរយៈពេលវែងដូចជា បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និង ការវាយប្រហារតាមប្រព័ន្ធសាយប័រ (Cyber)។ អង្គប្រជុំបានអនុម័តលើ ផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ AMRO ឆ្នាំ២០៣០ ផែនការការងាររយៈពេលមធ្យម (២០២៣-២០២៥) និង គម្រោងថវិកាឆ្នាំ២០២៣ជាដើម ដើម្បីពង្រឹងសមត្ថភាពរបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ចប្រទេសជាសមាជិក ឱ្យក្លាយជាទីប្រឹក្សាប្រកបដោយទំនុកចិត្តរបស់តំបន់អាស៊ាន+៣។ អង្គប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើមនាពេលអនាគតរបស់អាស៊ាន+៣ ក្នុងនោះរួមមាន ៖ ការសិក្សាលើហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ឥណទានសម្រាប់ដោះស្រាយបញ្ហាម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ការពង្រឹងការសម្របសម្រួលគោលនយោបាយ សម្រាប់ការវិវត្តនៃបច្ចេកវិទ្យា ការពង្រឹងភាពធន់ហិរញ្ញវត្ថុចំពោះគ្រោះមហន្តរាយធម្មជាតិ ការធ្វើឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងហិរញ្ញវត្ថុអន្តរកាល (Transition Finance)។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សា និងឯកភាពលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវគោលការណ៍ប្រតិបត្តិសម្រាប់យន្តការនៃកិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ជារូបិយវត្ថុក្នុងស្រុក ការកំណត់ទិសដៅអនាគតសម្រាប់ CMIM និងការសម្រេចបានដោយជោគជ័យនូវការសាកល្បងដំណើរការយន្តការ CMIM (Test Run)។ លើសពីនេះ អង្គប្រជុំក៏បានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី និងផែនទីមគ្គទេសក៍រយៈពេលមធ្យម (២០២៣-២០២៦)។