ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ «សារៈសំខាន់នៃរូបិយវត្ថុ» ជូនសមណៈសិស្សនិងសាស្ត្រាចារ្យពីពុទ្ធិកសកលវិទ្យាល័យចំនួន ៣០០អង្គ នៅសាលសន្និសីទចតុមុខ
០៣ មីនា ២០២៣

នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ «សារៈសំខាន់នៃរូបិយវត្ថុ» ជូនសមណៈសិស្សនិងសាស្ត្រាចារ្យពីពុទ្ធិកសកលវិទ្យាល័យចំនួន ៣០០អង្គ នៅសាលសន្និសីទចតុមុខ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតក៏បានផ្តល់ការពិភាក្សាពីការផ្តល់សិទ្ធអំណាចជូនដល់ស្រ្តី ស្របពេលទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ជិតឈានចូលមកដល់។

ក្នុងសិក្ខាសាលានោះ លោកជំទាវបណ្ឌិតបានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិនៃការកកើតប្រាក់រៀល  និងសារៈសំខាន់នៃប្រាក់រៀល ព្រមទាំងវិធានការជំរុញការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល និងធនាគារជាតិ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនថែមទៀត។

តាមរយៈបទឧទ្ទេសនាមស្តីពី «សារៈសំខាន់នៃរូបិយវត្ថុ» សមណៈសិស្សនិងអ្នកចូលរួម បានទទួលការយល់ដឹងកាន់តែច្បាស់ថា ការប្រើប្រាស់ប្រាក់រៀលតែមួយគត់ នឹងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងពង្រឹងអធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងមោទនភាពជាតិ។