២៣ មីនា ២០២៣
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគ ( RAMP Program) ដឹកនាំដោយលោក Heung Sik Choo ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគរបស់ធនាគារពិភពលោកចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនោះ គណៈប្រតិភូធនាគារពិភពលោកបានលើកឡើង អំពីការរីកចម្រើនផ្នែកគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា និងបានកោតសរសើរថាការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជានាពេលបច្ចុប្បន្នបានឈានដល់កម្រិតស្តង់ដារអន្តរជាតិ ខណៈមន្រ្តីទទួលបន្ទុកសុទ្ធសឹងមានសមត្ថភាព និងគុណវុឌ្ឍិជំនាញខ្ពស់។ បន្ថែមលើនេះ គណៈប្រតិភូធនាគារពិភពលោកបានលើកសរសើរថា ប្រតិបត្តិការវិនិយោគត្រូវបានបំពាក់នូវប្រព័ន្ធគ្រប់គ្រងការវិនិយោគទំនើប និងមានសុវត្ថិភាពខ្ពស់សម្រាប់បម្រើឱ្យប្រតិបត្តិការជួញដូរ គ្រប់គ្រងហានិភ័យ ការទូទាត់ និងចុះកិច្ចបញ្ជិកា ដែលបានបង្ហាញថាធនាគារជាតិនៃកម្ពុជាមានបទពិសោធន៍ និងជំនាញផ្នែកវិនិយោគខ្ពស់នៅក្នុងចំណោមធនាគារកណ្តាលទាំង៧០ដែលជាសមាជិករបស់កម្មវិធី RAMP ។
ជាការឆ្លើយតប ឯកឧត្តម ជា ចាន់តូ បានសម្តែងការសាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះការជួយជ្រោមជ្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធ របស់ក្រុមការងារជំនាញធនាគារពិភពលោកដែលបានផ្តល់ដល់ធនាគារជាតិនៃកម្ពុជាក្នុងរយៈពេល១៥ ឆ្នាំកន្លងមកនេះ និងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តសហការជួយជ្រោមជ្រែងធនាគារជាតិនៃកម្ពុជាបន្ថែមទៀត ដើម្បីឱ្យការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាកាន់តែមានការរីកចម្រើន និងជឿនលឿន។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីបញ្ហាប្រឈមសម្រាប់ការវិនិយោគនៅក្នុងស្ថានភាពដែលទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នប្រឈមនឹងភាពច្របូកច្របល់ និងយុទ្ធសាស្រ្តមួយចំនួនដើម្បីធានាបានការគ្រប់គ្រងការវិនិយោគទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព និងរក្សាបានភាពធន់នៃទុនបម្រុងអន្តរជាតិ។
គួររំលេចថា កម្មវិធី RAMP របស់ធនាគារពិភពលោកគឺជាកម្មវិធីបណ្តុះបណ្តាលផ្នែកធនធានមនុស្ស ជាពិសេសផ្នែកគ្រប់គ្រងទុនបម្រុងអន្តរជាតិ ហើយធនាគារជាតិនៃកម្ពុជាបានចូលជាសមាជិករបស់កម្មវិធី RAMP ចាប់ពីឆ្នាំ២០០៨មក។