ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកចំការលើ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ជូនដល់អាជ្ញាធរមូលដ្ឋាននៅស្រុកចំការលើ
២៣ មីនា ២០២៣

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកចំការលើ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ជូនដល់អាជ្ញាធរមូលដ្ឋាននៅស្រុកចំការលើ ក្នុងគោលដៅបន្តអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងពង្រឹងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុ ជាពិសេសសេវាមីក្រូហិរញ្ញវត្ថុ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោកបណ្ឌិត សុំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ និង លោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងសមាគមធនាគារនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោក អគ្គនាយករងត្រួតពិនិត្យទី១ បានលើកឡើងអំពីគុណតម្លៃសន្តិភាពដែលជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យធនាគារ និងបានលើកឡើងអំពីប្រវត្តិនៃការកសាងឡើងវិញនៃវិស័យធនាគារ ការបោះផ្សាយឡើងវិញនៃប្រាក់រៀល និងតួនាទីយ៉ាងសំខាន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន ព្រមទាំងបានជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងត្រូវមានការប្រុងប្រយ័ត្នចំពោះការឆបោកផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនេះ សិក្ខាសាលាបានផ្សព្វផ្សាយអំពីការអភិវឌ្ឍនិងបញ្ហាប្រឈមក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងចំណេះដឹងបឋមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាដើម។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហាមដាច់ខាតក្នុងការរក្សាទុកឯកសារយថាភូតច្បាប់ដើមរបស់អតិថិជន។ សិក្ខាសាលានេះក៏បានផ្តល់ឱកាសដល់រដ្ឋបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។