ព័ត៌មាន
លោកជំទាវ ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានអញ្ជេីញចូលរួមវេទិកាប្រជុំ Boao Forum for Asia នៅខេត្ត Hainan ប្រទេសចិន
៣១ មីនា ២០២៣

នៅថ្ងៃព្រហស្បតិ៍-សុក្រ ៩-១០កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានអញ្ជេីញចូលរួមវេទិកាប្រជុំ Boao Forum for Asia នៅខេត្ត Hainan ប្រទេសចិន។ ជំនួបកិច្ចប្រជុំទ្វេភាគីនៅក្រៅកម្មវិធីវេទិកានេះ ត្រូវបានរៀបចំឡេីងផងដែររវាងលោកជំទាវទេសាភិបាលរង និងឯកឧត្តម Xuan Changneng ទេសាភិបាលរងនៃធនាគារកណ្ដាលចិន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងធនាគារកណ្តាលទាំងពីរ។  ប្រធានបទដែលត្រូវបានលេីកយកមកពិភាក្សានៅក្នុងជំនួបទ្វេភាគីនេះ មានដូចជា៖ ការលេីកកម្ពស់ការប្រេីប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែនទ្វេភាគី ការបង្កើនការតភ្ជាប់ប្រព័ន្ធទូទាត់ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល។  ទេសាភិបាលរងទាំងពីរ រីករាយស្វាគមន៍កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដេីម្បីបង្កើតគោលនយោបាយ និងដំណោះស្រាយសមស្រប ដេីម្បីលើកកម្ពស់ប្រធានបទដែលបានលើកមកពិភាក្សាខាងលើ ក្នុងបំណងបង្កើនភាពធន់និងប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធបណ្ដាញទូទាត់ ព្រមទាំងជួយសម្រួលពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែច្រេីន៕

លោកជំទាវ ជា សិរី ក៏បានចូលរួមវេទិកាពិភាក្សាតុមូលជាមួយបណ្ដាទេសាភិបាលនៃធនាគារកណ្ដាលដទៃ ថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗមានតួនាទីបង្កេីតគោលនយោបាយ និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន ដើម្បីពិភាក្សាអំពីប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសេវាកម្មក្នុងយុគសម័យឌីជីថល”។