០៣ មេសា ២០២៣
កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរង បានទទួលជួបសម្តែងការគួរសមជាមួយនឹងគណៈប្រតិភូនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូណេស៊ី ដែលដឹកនាំដោយ ឯកឧត្តម M. Arsjad Rasjid P.M. ។ ក្នុងនាម តំណាងឱ្យវិស័យឯកជន និងអ្នកធុរកិច្ចរបស់ឥណ្ឌូណេស៊ី ឯកឧត្តម M. Arsjad Rasjid P.M. បានជម្រាបជូនពីទិសដៅនៃវិស័យឯកជនឥណ្ឌូណេស៊ី ដែលត្រូវបានរៀបចំនិងកំណត់ឡើង ឱ្យស្របតាមមូលបទអាស៊ានឆ្នាំ២០២៣ ស្តីពី អាស៊ានសំខាន់៖ ជាស្នូលនៃកំណើន ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាប្រធានប្តូរវេន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ទេសាភិបាលរង បានជម្រាបជូនគណៈប្រតិភូធុរកិច្ចឥណ្ឌូណេស៊ីពីសារៈសំខាន់នៃវិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះ ការដាក់ចេញនូវគោលនយោបាយនិងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍតាមវិស័យនានានៃសេដ្ឋកិច្ចជាតិ រមែងត្រូវធ្វើឡើងតាមនិន្នាការទីផ្សារនិងការសម្របសម្រួលជាមួយវិស័យឯកជន។ ទន្ទឹមនេះ លោកជំទាវ ទេសាភិបាលរង ក៏បានជម្រាបជូនគណៈប្រតិភូពីការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជាដែលកន្លងមកបានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចតាមរយៈការសម្រួលការទូទាត់សម្រាប់ពាណិជ្ជកម្ម លកដុំនិងរាយ និងទេសចរណ៍ ជាដើម។ លើសពីនេះ ប្រព័ន្ធទូទាត់បានក្លាយជាយន្តការមួយដែលចាំបាច់ក្នុងការជំរុញនិងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក រួមទាំងសម្រាប់ការទូទាត់ឆ្លងដែន ដែលការណ៍នេះនឹងក្លាយជាជន្ទុលមួយរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងបរិការណ៍នៃការរឹតបន្តឹងនិងភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ លោកជំទាវ ក៏បានឡើងពីអត្ថប្រយោជន៍នៃការវិនិយោគក្នុងតំបន់អាស៊ាន ជាពិសេស បានស្នើនិងជំរុញឱ្យមានការវិនិយោគរបស់ធុរកិច្ចឥណ្ឌូណេស៊ីនៅកម្ពុជា ហើយលោកជំទាវ ក៏បានស្នើថាការវិនិយោគដើម្បីពង្រីកនិងពង្រឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃប្រទេសនៅក្នុងតំបន់អាស៊ាន គួរតែជាការបំពេញឱ្យគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងគ្នា ដើម្បីសុខុដុមនីយកម្មតំបន់អាស៊ាន។