០៣ មេសា ២០២៣
នៅថ្ងៃចន្ទ ១៣កើត ខែចេត្រ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសិស្សានុសិស្សជាច្រើនរយនាក់។
កម្មវិធីផ្សព្វផ្សាយនេះមានការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៌ស្តីពីប្រវត្តិប្រាក់រៀល ការតាំងបង្ហាញប្រព័ន្ធបាគង ការតាំងបង្ហាញពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុជាប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការប្រគុំតន្រ្តីពីតារាចម្រៀងល្បីៗជាច្រើនរូប។
ជារួម កម្មវិធីនេះបានទទួលស្វាគមន៍និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សនៅខេត្ត កំពង់ស្ពឺយ៉ាងច្រើនកុះករ ដែលបានធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងអធិកអធមនិងសប្បាយរីករាយ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការយល់ដឹងពីសារៈសំខាន់របស់ប្រាក់រៀលរបស់សាធារណជននៅខេត្តកំពង់ស្ពឺ។