ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅខេត្តព្រះសីហនុ
០៦ មេសា ២០២៣

នៅថ្ងៃពុធ ១៥កើត ខែចេត្រ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសិស្សានុសិស្សជាច្រើនរយនាក់។

កម្មវិធីផ្សព្វផ្សាយនេះមានការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៌ស្តីពីប្រវត្តិប្រាក់រៀល ការតាំងបង្ហាញប្រព័ន្ធបាគង ការតាំងបង្ហាញពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុជាប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការប្រគុំតន្រ្តីពីតារាចម្រៀងល្បីៗជាច្រើនរូប។

ជារួម កម្មវិធីនេះបានទទួលស្វាគមន៍និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សនៅខេត្ត ព្រះសីហនុយ៉ាងច្រើនកុះករ ដែលបានធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងអធិកអធមនិងសប្បាយរីករាយ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការយល់ដឹងពីសារៈសំខាន់របស់ប្រាក់រៀលរបស់សាធារណជននៅខេត្តព្រះសីហនុ។