ព័ត៌មាន
កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ និង​ធនាគារជាតិ​នៃ​កម្ពុជា​
០៦ ធ្នូ ២០១៣

នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ នៅ​សណ្ឋាគារ​សុខា​អង្គរ​ ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ឯកឧត្តម​ Somphao​ PHAYSITH​ ទេសាភិបាល​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធនាគារ​ ។​
        ​គណៈប្រតិភូ​ធនាគារកណ្តាល​ទាំង​ពីរ​បាន​ប្រជុំ​ ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​គ្នា​អស់​ រយៈពេល​ជាង​ពីរ​ម៉ោង​អំពី​ព័ត៌មាន​សេដ្ឋកិច្ច​ បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ​នយោបាយ​រូបិយ​វត្ថុ​ ការ​គ្រប់គ្រង​ធនាគារកណ្តាល​ ការ​ពង្រឹង​សេវា​ទូទាត់​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​ ការ​ត្រួតពិនិត្យ​ធនាគារ​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ និង​សិក្ខាសាលា​ ឬ​កិច្ចប្រជុំ​បច្ចេកទេស​ ជាដើម​ ។​
        ​កិច្ចប្រជុំ​នេះ​ ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២​ បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យល់​គ្នា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធនាគារ​រវាង​ប្រទេស​ទាំង​ពីរ​ កាលពី​ឆ្នាំ​២០១១​ កន្លង​ទៅ​ ។​ នៅ​ឆ្នាំ​២០១២​ កិច្ចប្រជុំ​ទ្វេភាគី​នេះ​ បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ នៅ​ខេត្ត​ចំប៉ា​សាក់​ ប្រទេស​ឡាវ​ ។​