១៦ មេសា ២០២៣
កាលពីថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ដល់ថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំប្រចាំនិទាឃរដូវឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ចតំបន់និងពិភពលោក បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយចម្បងនានាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជាសមាជិក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង តំណាងធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Rwangombwa John ទេសាភិបាល តំណាងធនាគារជាតិរវ៉ាន់ដា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ” រវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា ដើម្បីពង្រឹងការចែករំលែកបទពិសោធន៍ និងការទូទាត់ឆ្លងដែន។
លើសពីនេះ លោកជំទាវ ក៏បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលបារាំង ដែលដឹកនាំដោយលោកស្រី Emmanuelle Assouan អគ្គនាយកស្ថិរភាពហិរញ្ញវត្ថុនិងប្រតិបត្តិការ ជួបពិភាក្សាការងារ និងបានចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេស ប្រព័ន្ធទូទាត់បាគងផងដែរ ។