១៧ ឧសភា ២០២៣
នៅថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំ UNESCAP លើកទី៧៩ នៅទីស្នាក់ការកណ្តាលរបស់ UNESCAP នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនចែករំលែកទស្សនៈធនាគារកណ្តាលលើប្រធានបទ "កាតាលីករអាកាសធាតុលើហិរញ្ញវត្ថុ និងការវិនិយោគ" នៅក្នុងវេទិកាពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាននៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកជំទាវ ជា សិរី បានចែករំលែកការងារមួយចំនួនដែលធនាគារជាតិនៃកម្ពុជាបានអនុវត្តក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ដើម្បីជួយធនាគារក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ព្រមជាមួយគ្នានេះជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ធនាគារក្នុងការស្វែងរកទុន និងជំរុញការផ្ដល់ទុនវិនិយោគចាំបាច់លើបណ្ដាគម្រោងបៃតងនៅកម្ពុជា។ លោកជំទាវ ក៏បានជំរុញឱ្យបណ្ដាប្រទេសដែលស្ថិតក្នុងស្ថានភាពស្រដៀងនឹងកម្ពុជា ដែលបានបញ្ចេញកាបូនទាបប៉ុន្តែងាយរងគ្រោះខ្លាំងទៅនឹងបម្រែបម្រួលអាកាសធាតុ បង្កើនកិច្ចខិតខំប្រឹងប្រែងដោយសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការស្វែងរកដំណោះស្រាយហិរញ្ញប្បទាន ដើម្បីផ្ដល់ធនធានចាំបាច់បន្ថែមទៅដល់បណ្ដាគម្រោងបន្សាំ (adaptation)នឹងបម្រែបម្រួលអាកាសធាតុ។