ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានសហការជាមួយរដ្ឋបាលស្រុកព្រះនេត្រព្រះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”
២៣ ឧសភា ២០២៣

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកព្រះនេត្រព្រះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ជូនដល់អាជ្ញាធរមូលដ្ឋាននៅស្រុកព្រះនេត្រព្រះ ក្នុងគោលដៅបន្តអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងពង្រឹងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុ។
 
សិក្ខាសាលានេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោក ហ៊ឹង សុជា អភិបាលរង នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ និង លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងសមាគមធនាគារនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម ឧបការីទេសាភិបាល បានលើកឡើងអំពីគុណតម្លៃសន្តិភាពដែលជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យធនាគារ ព្រមទាំងបានលើកឡើងអំពីប្រវត្តិនៃការកសាងឡើងវិញនៃវិស័យធនាគារ ការបោះផ្សាយឡើងវិញនិងសារៈសំខាន់នៃប្រាក់រៀល និងតួនាទីយ៉ាងសំខាន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ឯកឧត្តម ឧបការីទេសាភិបាល ក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានកិច្ចការពារតាមផ្លូវច្បាប់ និងត្រូវមានការប្រុងប្រយ័ត្នចំពោះការឆបោកផ្នែកហិរញ្ញវត្ថុនិងការដើរប្រមូលប្រាក់ក្នុងរូបភាពជាការវិនិយោគលើដីឡូតិ៍ ឬ ការវិនិយោគផ្សេងទៀតដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។ ឯកឧត្តម ឧបការីទេសាភិបាល ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមលើកតម្កើងនិងប្រើប្រាស់ប្រាក់រៀល និងក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហាមដាច់ខាតក្នុងការរក្សាទុកឯកសារយថាភូតច្បាប់ដើមរបស់អតិថិជន និងស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានរាយការណ៍មក ធនាគារជាតិនៃកម្ពុជា ក្នុងករណីបានដឹងថាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណានៅតែរក្សាលិខិតយថាភូតច្បាប់ដើមរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ សិក្ខាសាលានេះក៏បានផ្តល់ឱកាសដល់រដ្ឋបាលស្រុកព្រះនេត្រព្រះ និងអាជ្ញាធរមូលដ្ឋានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។