០១ មិថុនា ២០២៣
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ថ្លែងបាឋកថា ក្រោមប្រធានបទ "ការទូតសេដ្ឋកិច្ចក្នុងសម័យឌីជីថល - Economic Diplomacy in Digital Era"។ បាឋកថាខាងលើត្រូវបានចូលរួមដោយមន្ត្រីការទូតប្រមាណជិត ២០០ នាក់ តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានចែករំលែកនិងបកស្រាយអំពីគោលគំនិតសំខាន់ៗរួមមានដូចជា ប្រវត្តិនិងសារៈសំខាន់នៃរូបិយវត្ថុ តួនាទីរបស់ធនាគារកណ្ដាលក្នុងការរក្សាស្ថិរភាពថ្លៃនិងត្រួតពិនិត្យប្រព័ន្ធធនាគារ បញ្ហាប្រឈមដែលបណ្តាលមកពីដុល្លារូបនីយកម្មនិងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់ផ្ទាល់ខ្លួន ជាពិសេសប្រព័ន្ធបាគង ក៏ដូចជាការតភ្ជាប់របស់ប្រព័ន្ធនេះជាមួយនឹងប្រទេសនានាក្នុងតំបន់និងលើសកលលោក។
លោកជំទាវក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពធន់ទៅនឹងកត្តាខាងក្រៅ ជៀសវាងការពឹងផ្អែកទាំងស្រុងទៅលើប្រព័ន្ធណាមួយ ដែលអាចធ្វើឱ្យប្រទេសជាតិងាយនឹងរងគ្រោះខ្លាំង នៅពេលដែលមានជម្លោះនយោបាយការបរទេស។ ជាចុងក្រោយ លោកជំទាវបណ្ឌិតក៏បានជម្រុញឱ្យមានការចូលរួមគាំទ្រពីមន្ត្រីការទូតរបស់យើងទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្សព្វផ្សាយសមិទ្ធផលដែលកម្ពុជាទទួលបានកន្លងមក និងជម្រុញទំនាក់ទំនងការទូតសេដ្ឋកិច្ចដែលជាផ្នែកមួយដ៏សំខាន់ធ្វើឱ្យពិភពលោកស្គាល់ប្រទេសយើងកាន់តែច្បាស់។