ព័ត៌មាន
លោក លី ស៊ីដេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាលើកទី២ស្តីពី "ការអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា៖ ឧបករណ៍សម្រាប់គ្រប់គ្រងហានិភ័យ"
០១ មិថុនា ២០២៣

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក លី ស៊ីដេត អគ្គនាយករង នៃអគ្គនាយកបចេ្ចកទេសរបស់ធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាលើកទី២ស្តីពី "ការអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា៖ ឧបករណ៍សម្រាប់គ្រប់គ្រងហានិភ័យ"។  សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង IFC ចាប់ពីថ្ងៃទី ១-២ ខែមិថុនា ឆ្នាំ 2023 នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។  សិក្ខាសាលានេះ គឺជាសិក្ខាសាលាលើកទីពីរដែលបានរៀបចំឡើងស្ដីអំពីការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ ដោយឡែកពីសិក្ខាសាលាលើកទី១ ដែលធ្វើឡើងសម្រាប់តែក្រុមនិយតករ សិក្ខាសាលាលើកទី២នេះ បានបង្កើនសមាសភាពអ្នកចូលរួមដោយផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធផ្សេងទៀតដូចជាបណ្ដាធនាគារពាណិជ្ជ ដើម្បីចូលរួមស្វែងយល់ឱ្យកាន់តែច្បាស់អំពីឧបករណ៍និស្សន្ទ និងការប្រើប្រាស់សម្រាប់ការងារគ្រប់គ្រងហានិភ័យ។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីជំរុញការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទចារឹកជាប្រាក់រៀលដែលមានបទបញ្ញតិ្តគ្រប់គ្រងត្រឹមត្រូវ ដើម្បីប្រើប្រាស់ជាឧបករណ៍គ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពសម្រាប់ជំរុញការវិនិយោគលើឧបករណ៍ជួញដូរហិរញ្ញវត្ថុចារឹកជាប្រាក់រៀល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅចម្បងគឺការលើកកម្ពស់ប្រាក់រៀល។ សិក្ខាសាលានេះក៏ជាវេទិកាសំខាន់សម្រាប់អ្នកពាក់ព័ន្ធទាំងនេះមានឱកាសចូលរួមពិភាក្សា ដើម្បីបង្កើតគោលនយោបាយរួមដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ ដែលមានការបទបញ្ញត្តិគ្រប់គ្រងល្អ ដែលអាចជួយក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពនៃការបែងចែកទ្រព្យសកម្ម។