ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៣ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ
០៦ មិថុនា ២០២៣

នៅថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត Sethaput Suthiwartnarueput ទេសាភិបាល ធនាគារកណ្តាលថៃ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម បណ្ឌិត Sethaput Suthiwartnarueput ទេសាភិបាល ធនាគារកណ្តាលថៃ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ - ដំណាក់កាលទី២៖ ថៃស្កេនឃ្យូអរកូតនៅកម្ពុជា។ ចាប់ពីថ្ងៃដាក់ឱ្យប្រើប្រាស់នេះតទៅ ប្រជាជនថៃដែលមានគណនីជាប្រាក់បាតរបស់ព្រះរាជាណាចក្រថៃអាចទូទាត់ប្រាក់ដោយស្កេនឃ្យូអរកូតទៅកាន់ពាណិជ្ជករឬនៅហាងទំនិញប្រមាណ ១,៥ លានកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមចំណែកលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង។