ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
២១ មិថុនា ២០២៣

កាលពីព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលទើបនឹងទទួលតំណែងថ្មី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ទេសាភិបាលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម UENO ដែលទទួលតំណែងជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី និងបានជម្រាបជូនវឌ្ឍនភាពស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារនៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អរវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលជប៉ុន ក៏ដូចជាអង្គការនានារបស់ប្រទេសជប៉ុន។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជាក្នុងអំឡុងដើមទសវត្សរ៍ទី៩០ ព្រមទាំងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមរយៈការបញ្ជូនជំនាញការនិងផ្តល់ការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម UENO Atsushi បានកោតសរសើរចំពោះការរីកចម្រើននៃគ្រប់វិស័យនៅកម្ពុជា ប្រៀបធៀបនឹងដំណើរទស្សនកិច្ចលើកដំបូងមកប្រទេសកម្ពុជាកាលពីជាង៣០ឆ្នាំកន្លងទៅ។ ឯកឧត្តមក៏បានសំដែងការអបអរសាទរចំពោះធនាគារជាតិនៃកម្ពុជាក្នុងការសម្រេចបាននូវការកសាងប្រព័ន្ធធនាគារដែលមានស្ថិរភាព ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានទទួលស្គាល់ជាសកលថាជាប្រព័ន្ធទូទាត់គំរូល្អមួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ ដូចបានរំលេចនៅក្នុងសុន្ទរកថារបស់ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាវេទិកាអនាគតអាស៊ី (Future of Asia Forum) ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែឧសភា កន្លងទៅនេះ។ លើសពីនេះ ឯកឧត្តមមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបានចូលទស្សនកិច្ចនៅសារមន្ទីសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ឯកឧត្តមបានយល់កាន់តែច្បាស់អំពីប្រវត្តិនៃស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន។