ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
២៣ មិថុនា ២០២៣

កាលពីព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលដឹកនាំដោយលោក Keiichiro NAKAZAWA អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ស៊ុ សន្និសិទ្ធ បានជម្រាបជូនគណៈប្រតិភូនូវស្ថានភាពសេដ្ឋកិច្ច អតិផរណា និងការអភិវឌ្ឍក្នុងវិស័យធនាគារក៏ដូចជាប្រព័ន្ធទូទាត់នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុ សន្និសិទ្ធ ក៏បានថ្លែងអំណរគុណចំពោះ JICA និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជាជំនួយសហប្រតិបត្តិការដល់កម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា តាមរយៈ ជំនួយបច្ចេកទេស គម្រោងស្រាវជ្រាវ និងការកសាងសមត្ថភាពជំនាញរបស់មន្ត្រី-បុគ្គលិក នាពេលកន្លងមក។ 
លោក Keiichiro NAKAZAWA បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ JICA នៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះភាពរីកចម្រើននៅសេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធធនាគារនៅកម្ពុជា។ លោក Keiichiro NAKAZAWA ក៏បានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងតំបន់ និងពិភពលោក។ លោក Keiichiro NAKAZAWA បានបន្តថា JICA នឹងបន្តគាំទ្រផ្តល់ជំនួយសហប្រតិបត្តិការដល់ធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត ជាពិសេសលើគម្រោងស្រាវជ្រាវ និងការជំរុញការប្រើប្រាស់ប្រាក់រៀល ជាដើម។