ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាដៃគូសហការរៀបចំ បានចូលរួមពិធី “INCLUSIVE FINTECH FORUM” នៅទីក្រុង Kigali ប្រទេសរវ៉ាន់ដា
២០ មិថុនា ២០២៣

កាលពីថ្ងៃទី ២០-២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាដៃគូសហការរៀបចំ  បានចូលរួមពិធី  “INCLUSIVE FINTECH FORUM” នៅទីក្រុង Kigali ប្រទេសរវ៉ាន់ដា។ វេទិកានេះបានផ្តល់ឱកាសដល់ធនាគារជាតិនៃកម្ពុជា បង្ហាញអំពីវឌ្ឍនភាពនៃប្រព័ន្ធបាគង និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជាដល់បណ្តាប្រទេសនៅក្នុងតំបន់អាហ្រិ្វក ក៏ដូចជាស្វែងរកនូវកិច្ចសហប្រតិបត្តិការជាលក្ខណ:ទ្វេភាគី។ ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងវេទិកានេះបានអញ្ជើញមកទស្សនាស្តង់ពិព័រណ៍ស្តីពីប្រព័ន្ធបាគង និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា  ដែលក្នុងនោះក៏មានវត្តមានរបស់ឯកអគ្គរដ្ឋទូតរបស់ប្រទេសរវ៉ាន់ដាប្រចាំនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេស  ដែលដឹកនាំដោយលោក អ៊ុក សារ៉ាត់ ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ក៏បានជួបពិភាក្សា ជាមួយប្រតិភូធនាគារកណ្តាលនៃប្រទេសរវ៉ាន់ដា ដែលដឹកនាំដោយលោកស្រី Shelagh Kahonda  អគ្គនាយកប្រតិបត្តិ ដើម្បីពិភាក្សាអំពីយន្តការអនុវត្តនៃកិច្ចសហប្រតិបត្តិការ និងលទ្ធភាពតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ  បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ជាផ្លូវការកន្លងមក។