ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានអនុញ្ញាតឱ្យលោក Philip Dongsoo Hong របស់ធនាគារពិភពលោក ចូលជួបសម្តែងការគួរសម
២៣ មិថុនា ២០២៣

នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Philip Dongsoo Hong មន្រ្តីជាន់ខ្ពស់ផ្នែកទំនាក់ទំនង (Client Engagement Manager) ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគ ( RAMP Program) របស់ធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងណែនាំលោក Stephane Piot ដែលជាមន្រ្តីជាន់ខ្ពស់ផ្នែកទំនាក់ទំនងថ្មីដែលនឹងមកជំនួសតួនាទីរបស់លោក។  
លោក Philip Dongsoo Hong បានកោតសរសើរ អំពីវឌ្ឍនភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា ដោយក្រុមការងារគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាមានសមត្ថភាព និងគុណវុឌ្ឍិជំនាញខ្ពស់ ហើយប្រតិបត្តិការវិនិយោគត្រូវបានបំពាក់នូវប្រព័ន្ធគ្រប់គ្រងការវិនិយោគទំនើប និងមានសុវត្ថិភាពខ្ពស់សម្រាប់បម្រើឱ្យប្រតិបត្តិការជួញដូរ គ្រប់គ្រងហានិភ័យ ការទូទាត់ និងចុះកិច្ចបញ្ជិកា ស្របបានតាមកម្រិតស្តង់ដារអន្តរជាតិនៃការគ្រប់គ្រងទុនបម្រុងវិនិយោគរបស់ធនាគារកណ្តាល។ វឌ្ឍនភាពទាំងនេះបានធ្វើឱ្យធនាគារជាតិនៃកម្ពុជា ក្លាយជាសមាជិកគំរូក្នុងចំណោមសមាជិកចំនួន ៧០ស្ថាប័ន នៃកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគ (RAMP Program) របស់ធនាគារពិភពលោក។
ឯកឧត្តម ទេសាភិបាលរង បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ក្រុមការងារជំនាញ ជាពិសេស លោក Philip Dongsoo Hong ដែលបានបំពេញតួនាទីជាមន្រ្តីជាន់ខ្ពស់ផ្នែកទំនាក់ទំនងសម្រាប់ធនាគារជាតិនៃកម្ពុជា អស់រយៈពេល ៧ឆ្នាំមកនេះ និងបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងការអភិវឌ្ឍការងារគ្រប់គ្រងទុនបម្រុងវិនិយោគ និងធនធានមន្រ្តីគ្រប់គ្រងទុនបម្រុងវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ស្នើធនាគារពិភពលោកបន្តសហការជួយជ្រោមជ្រែងធនាគារជាតិនៃកម្ពុជាបន្ថែមទៀត ដើម្បីឱ្យការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាកាន់តែមានការរីកចម្រើន និងជឿនលឿន។ 

គួររំលេចថា កម្មវិធី RAMP របស់ធនាគារពិភពលោកគឺជាកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកគ្រប់គ្រងទុនបម្រុងអន្តរជាតិ ហើយធនាគារជាតិនៃកម្ពុជាបានចូលជាសមាជិករបស់កម្មវិធី RAMP ចាប់ពីឆ្នាំ២០០៨មក។ កម្មវិធីនេះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសសំខាន់ៗដល់ក្រុមការងារគ្រប់គ្រងទុនបម្រុងវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដូចជា ការចូលរួមសិក្ខាសាលាអំពីការងារគ្រប់គ្រងទុនបម្រុងវិនិយោគ ការណែនាំដោយផ្ទាល់ពីអ្នកជំនាញរបស់ធនាគារពិភពលោក និងអាហារូបករណ៍សម្រាប់ការសិក្សាសញ្ញាប័ត្រជំនាញ CFA ជាដើម។