ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០
២៦ មិថុនា ២០២៣

ថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។  

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០នេះ គឺជាការធ្វើបច្ចុប្បន្នកម្មពីឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ពីឆ្នាំ២០១៥-២០២៥ និងជាការធ្វើបច្ចុប្បន្នកម្មជាលើកទី៤ គិតចាប់តាំងពីការរៀបចំឱ្យមានឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ នៅឆ្នាំ២០០១មក។ 

ឯកឧត្តមទេសាភិបាល បានមានប្រសាសន៍ថា ឯកសារដ៏មានសាៈសំខាន់នេះ បានជួយឱ្យវិស័យហិរញ្ញវត្ថុកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ដែលជួយគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់និងអន្តរជាតិ។