ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលលើប្រកាសចំនួន ២
០៣ សីហា ២០២៣

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលលើប្រកាសចំនួន ២ ដែលជាផ្នែកនៃក្របខ័ណ្ឌអនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើគឺ i/-ប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និង ii/-ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្រោមអធិបតីភាពរបស់ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងរយៈពេល ២ ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយនិងពន្យល់លម្អិតទៅលើខ្លឹមសារនៃប្រកាសថ្មីទាំងពីរនេះដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីរៀបចំនិងត្រៀមខ្លួនក្នុងការអនុវត្តប្រកាសទាំងនេះចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ។ វគ្គបណ្តុះបណ្តាលលើកនេះជាវគ្គបណ្តុះបណ្តាលសម្រាប់ក្រុមទី១នៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៨ ដែលមានអ្នកចូលរួមសរុបប្រមាណ ៧០ រូប។ ធនាគារជាតិនៃកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងទៀតទៅតាមពេលវេលាសមស្រប។