០២ សីហា ២០២៣
កាលពីថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ (Senior Level Committee – SLC) ស្តីពី សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន លើកទី២៦ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំបានពិភាក្សានិងពិនិត្យមើលពីវឌ្ឍនភាពនៃការងារសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ដើម្បីដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗ សំដៅជំរុញនិងពន្លឿនសមាហរណកម្មហិរញ្ញវត្ថុ ដែលជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការធ្វើសមាហរកម្មសេដ្ឋកិច្ចសហគមន៍អាស៊ានឆ្នាំ២០២៥ (ACE 2025)។ ជាមួយនឹងការវិវត្តលូតលាស់នៃទំហំនិងវិសាលភាពនៃការងាររបស់គណៈកម្មាធិការអាស៊ាននីមួយៗ កិច្ចប្រជុំបានអនុម័តលើសំណើលក្ខនិ្តកៈការងារថ្មីរបស់គណៈកម្មាធិការប្រព័ន្ធទូទាត់អាស៊ាន (WC-PSS) ដើម្បីពង្រីកតួនាទី-មុខងារភារកិច្ចរបស់ (WC-PSS) ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា វិសាលភាពនិងភាពចំបាច់របស់ប្រព័ន្ធទូទាត់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់ ក៏ដូចជាកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ អង្គប្រជុំក៏បានពិភាក្សានិងអនុម័តលើគោលការណ៍ជាន់ខ្ពស់ស្តីពី ការធ្វើប្រតិបត្តិការជារូបិយវត្ថុក្នុងស្រុកសម្រាប់ពាណិជ្ជកម្មឆ្លងដែននិងការវិនិយោគ ដែលការណ៍នេះនឹងជួយពង្រឹងស្ថិរភាពម៉ាក្រូ-ហិរញ្ញវត្ថុតំបន់ ដោយសារធនាគារកណ្តាលមានលទ្ធភាពច្រើនក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រាមានវិបត្តិ នៅពេលដែលសេដ្ឋកិច្ចប្រើប្រាស់រូបិយវត្ថុជាតិ។