ព័ត៌មាន
ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ រៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត
១៨ សីហា ២០២៣

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ នៅថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ដំណាក់កាលទី១។ 
ពិធីនេះបានរៀបចំឡើងនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត Bounleua Sinxayvoravong ទេសាភិបាល ធនាគារកណ្តាលឡាវ។ 
គម្រោងនៃការតភ្ជាប់ការទូទាត់ឆ្លងដែនចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ “កម្ពុជាស្កេនឃ្យូអរកូតនៅប្រទេសឡាវ” ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈការស្កេនឃ្យូអរកូត (LAOQR) ជាមួយពាណិជ្ជករ ឬហាងទំនិញនៅប្រទេសឡាវ និងដំណាក់កាលទី២ “ឡាវស្កេនឃ្យូអរកូតនៅប្រទេសកម្ពុជា” ដោយប្រជាជនឡាវ ដែលមានគណនីជាប្រាក់ឡាវគីប អាចទូទាត់ប្រាក់ដោយស្កេនខេអេចឃ្យូអរកូតជាមួយពាណិជ្ជករ ឬហាងទំនិញក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការគម្រោងនេះ នឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។