២៤ សីហា ២០២៣
ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ អគ្គទេសាភិបាល បានអញ្ជើញចូលរួមបើកសន្និសីទធនាគារនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រេជិនស៊ី ភ្នំពេញ។ សន្និសីទនេះផ្តោតសំខាន់លើប្រធានបទ «ហិរញ្ញវត្ថុប្រកបដោយចីរភាព និងធនាគារឌីជីថលនៅកម្ពុជា» និងមានការចូលរួមសរុបប្រមាណជា ៣០០ នាក់ តាមរយៈការចូលរួមដោយផ្ទាល់ចំនួន ២០០ នាក់ និងការចូលរួមតាមប្រព័ន្ធអនឡាញចំនួន ១៨៥ នាក់ មកពីធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមអាស៊ានទាំង ១០ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ តាមរយៈវេទិកានេះ វាគ្មិនជាច្រើនរូបបានអញ្ជើញធ្វើបទបង្ហាញទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព និងប្រព័ន្ធធនាគារឌីជីថលហើយក្នុងនោះក៏មានវាគ្មិនតំណាងពីធនាគារជាតិនៃកម្ពុជាផងដែរ។