ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញជាអធិបតី និងបើកកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
២៩ សីហា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងបើកកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ ការដាក់ចេញនូវសេចក្តីណែនាំនេះ ជាសមិទ្ធផលមួយថ្មីបន្ថែមទៀតរបស់វិស័យធនាគារ ក្នុងការចូលរួមចំណែកកិច្ចការពារអតិថិជន ក៏ដូចជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ហើយក៏ជាការចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល។ ក្រោមគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការគ្នាក្នុងការរៀបចំសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ នៅក្នុងកម្មវិធីនេះ ក៏មានអ្នកចូលរួមប្រមាណ ៣០០ នាក់ មកពីធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។