៣០ សីហា ២០២៣
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់សមិទ្ធផលកសាងមត្តេយ្យសហគមន៍ចំនួន ២ គឺមត្តេយ្យភូមិកាលមេឃខាងលើ និងមត្តេយ្យសហគមន៍ភូមិអំពុះ នាព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម ឌៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ឧកញ៉ា ហួត អៀងតុង សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនិងជាប្រធានអគ្គនាយកធនាគារ ហត្ថា ម.ក លោក ហាន ប៉េងក្វាង សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា អាជ្ញាធរមូលដ្ឋានស្រុកសន្ទុក និងប្រជាពលរដ្ឋក្នុងឃុំត្បូងក្រពើ។
សមិទ្ធផលកសាងមត្តេយ្យសហគមន៍ទាំងពីរនេះ គឺជាគំនិតផ្តួចផ្តើមដោយក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា និងសហគមន៍ក្នុងឃុំត្បូងក្រពើ ព្រមទាំងមានការចូលរួមឧបត្ថម្ភ ពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារ ហត្ថា ម.ក ដើម្បីសម្រាប់ជាផលប្រយោជន៍រួមក្នុងការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា។