៣០ សីហា ២០២៣
ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចពិភាក្សាជាមួយក្រុមហ៊ុនសវនកម្ម នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយនិងពិភាក្សាលម្អិតទៅលើខ្លឹមសារនៃប្រកាសចំនួន ២ ដែលជាផ្នែកនៃក្របខ័ណ្ឌអនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើគឺ i/-ប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និង ii/-ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្រោមអធិបតីភាពរបស់ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានផ្តល់ការបណ្តុះបណ្តាលលើប្រកាសទាំងពីរនេះចំនួន ៨ លើក ដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់រួច។ កិច្ចពិភាក្សានេះមានអ្នកចូលរួមសរុបប្រមាណ ២៥ រូប មកពីក្រុមហ៊ុនសវនកម្មចំនួន ១១ ដែលត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនសវនកម្មចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។